AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យទូរទស្សន៍ជាតិកម្ពុជា (TVK) និង CDTV រួមនឹងភាគីពាក់ព័ន្ធបន្តរក្សា និងបង្កើនកម្រិតនៃកិច្ចសហការឱ្យកាន់តែស៊ីជម្រៅថែមទៀត ជាពិសេសតាម រយៈការរៀបចំ និងផលិតកម្មវិធីរួមគ្នា ដែលផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ព្រមទាំងជួយលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ ប្រពៃណី សង្គម និងសក្តានុពលរបស់ប្រទេសកម្ពុជា និងចិន។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក HUANG JIANG អគ្គនាយកក្រុមហ៊ុន CDTV ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា និងត្រៀមផ្លាស់ប្តូរទៅបំពេញការងារនៅប្រទេសចិនវិញនាពេលឆាប់ៗខាងមុខ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។

ក្នុងជំនួបនោះ លោក HUANG JIANG បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីស្ថានភាពអាជីវកម្ម ក៏ដូចជាលទ្ធផលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន CDTV ក្នុងអំឡុងពេលបំពេញប្រតិបត្តិការនៅកម្ពុជា។ លោកអគ្គនាយកក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) ដែលតែងតែផ្តល់ការគាំទ្រ សម្របសម្រួល និងមានកិច្ចសហការល្អជាមួយក្រុមហ៊ុន CDTV នាពេលកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងការកោតសរសើរ និងអរគុណចំពោះលោក HUANG JIANG ដែលបានចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នព័ត៌មាន និងសោតទស្សន៍កម្ពុជា ជាមួយដៃគូចិន ក្នុងអំឡុងពេលបំពេញការងារនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចសហការរវាង TVK និង CDTV នាពេលកន្លងមក បានផ្តល់នូវលទ្ធផលវិជ្ជមាន និងបានក្លាយជាមូលដ្ឋានដ៏ល្អសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ការផ្លាស់ប្តូរភារកិច្ចរបស់លោក HUANG JIANG មិនមែនជាការបញ្ចប់ទំនាក់ទំនងនោះទេ ប៉ុន្តែជាឱកាសសម្រាប់បន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។ ឯកឧត្តមបានបង្ហាញការជឿជាក់ថា ទំនាក់ទំនងល្អដែលបានកសាងឡើងក្នុងអំឡុងពេលកន្លងមក នឹងបន្តជំរុញឱ្យមានកិច្ចសហការថ្មីៗ និងគម្រោងផលិតកម្មវិធីរួមគ្នាដែលកាន់តែមានភាពច្នៃប្រឌិត និងទូលំទូលាយ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ក្រសួងព័ត៌មាន នឹងបន្តជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងក្រុមហ៊ុនទាំងពីរ ព្រមទាំងរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជនកម្ពុជា និងចិន៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





