AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ -- យោងតាមនាយកដ្ឋានទំនាក់ទំនង របស់ប្រទេសតួកគីយ៉េ បានឱ្យដឹងថា ប្រធានាធិបតីតួកគីយ៉េ លោក រេសេប តាយយីប អឺដូហ្គែន បានជួបជាមួយប្រធានាធិបតីអ៊ូសបេគីស្ថាន លោក ស្សាវកេត មៀហ្សីយ៉ូយ៉េវ នៅវិមានប្រធានាធិបតីក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងបញ្ហាសកល ព្រមទាំងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥ ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ នាយកដ្ឋានទំនាក់ទំនងបានបញ្ជាក់ថា លោក អឺដូហ្គែន បានលើកឡើងថា ប្រទេសតួកគីយ៉េ និងប្រទេសអ៊ូសបេគីស្ថាន នឹងបន្តចាត់វិធានការនានាដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួនបន្ថែមទៀត ដែលបច្ចុប្បន្នស្ថិតក្នុងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រជាន់ខ្ពស់។ ការពង្រឹងនេះនឹងគ្របដណ្តប់លើវិស័យជាច្រើន ជាពិសេស គឺវិស័យពាណិជ្ជកម្ម ការវិនិយោគ ឧស្សាហកម្មរ៉ែ ការដឹកជញ្ជូន និងឧស្សាហកម្មការពារជាតិ។
លោក អឺដូហ្គែន ក៏បានបង្ហាញជំនឿជឿជាក់ថា អង្គការរដ្ឋនិយាយភាសាតួកគី (OTS) នឹងបន្តរីកចម្រើនកាន់តែរឹងមាំតាមរយៈគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មីៗ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលរបស់មេដឹកនាំ OTS ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងអង់ការ៉ា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការនេះ។
លើសពីនេះ លោក អឺដូហ្គែន បានអញ្ជើញលោក មៀហ្សីយ៉ូយ៉េវ ឱ្យចូលរួមកិច្ចប្រជុំកំពូលនៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP31) ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ក្នុងទីក្រុងអាន់តាលីយ៉ា នៅភាគខាងត្បូងប្រទេសតួកគីយ៉េ។
បន្ទាប់ពីជំនួបនោះ មេដឹកនាំទាំងពីរបានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៥ រវាងប្រទេសទាំងពីរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





