AKP កណ្តាល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦–លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា និងអនុសាខា កាកបាទ ក្រហមកម្ពុជាស្រុកកៀនស្វាយ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពកុមារលង់ទឹក ចំនួន២នាក់ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសាររងគ្រោះ ស្ថិតក្នុងភូមិ ភូមិធំ និងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោក ហាក់ សុខមករា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកឧបត្ថម្ភជូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះឯកឧត្តមក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធនៃជនរងគ្រោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះទាំងពីរគ្រួសារ ក្នុងមួយគ្រួសារ រួមមាន អង្ករ ៥០គីឡូក្រាម មី២កេស ទឹកត្រី ២យួរ ទឹកស៊ីអុីវ ២យួរ ទឹកសុទ្ធ ៥កេស ត្រីខ ២យួរ និងថវិកាក្នុងមួយគ្រួសារចំនួន ៥០ម៉ឺនរៀល។ថ្វីត្បិតតែអំណោយ និងថវិកាទាំងនេះ មិនអាចប៉ះប៉ូវនូវការបាត់បង់ជីវិតមនុស្សបាន ប៉ុន្តែវាជាទឹកចិត្ត និងជាស្មារតីចែករំលែកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោឡើយ ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





