AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ -- មន្ត្រីប៉ូលិសក្នុងតំបន់ម្នាក់បានរាយការណ៍កាលពីថ្ងៃចន្ទថា ប៉ូលិសប្រឆាំងគ្រឿងញៀនរបស់អាហ្វហ្គានីស្ថានបានរឹបអូសយកសារធាតុមេតំហ្វេតាមីន ចំនួន ៦០គីឡូក្រាមនិងអាភៀនចំនួន ៥គីឡូក្រាម ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរគ្រឿងញៀន នៅក្នុងខេត្តណានហ្គាហារ ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមលោក សាយេដ តាយេប ហាម៉ាដ (Sayed Tayeb Hamad) អ្នកនាំពាក្យប៉ូលិសប្រចាំខេត្ត បានឱ្យដឹងថា សារធាតុញៀនទាំងនេះត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការកំណត់គោលដៅមួយនៅក្នុងស្រុកដួបាបា។
លោក ហាម៉ាដ បានបន្ថែមថា ជនសង្ស័យរូបនោះបានលាក់ទុកគ្រឿងញៀនខុសច្បាប់នៅក្នុងកន្លែងសម្ងាត់នៃយានយន្តមួយគ្រឿង ខណៈពេលដែលព្យាយាមដឹកជញ្ជូនវាទៅកាន់គោលដៅមិនស្គាល់មួយ។
នៅក្នុងសកម្មភាពពាក់ព័ន្ធមួយផ្សេងទៀត ក្រសួងមហាផ្ទៃបានប្រកាសកាលពីយប់ថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានបង្ក្រាបមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀនខុសច្បាប់ចំនួន ៣កន្លែង និងបានរឹបអូសសារធាតុខុសច្បាប់ចំនួន ២០.៧៤០គីឡូក្រាមដែលប្រើប្រាស់ក្នុងការផលិតហេរ៉ូអ៊ីន នៅទូទាំងខេត្តហេលម៉ាន់ កាន់ដាហារ និងខេត្តហ្គ័រ។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានបង្កើនយុទ្ធនាការប្រឆាំងនឹងការជួញដូរនិងការផលិតគ្រឿងញៀន ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ការដាំដុះអាភៀន និងការផលិតហេរ៉ូអ៊ីន ព្រមទាំងសារធាតុខុសច្បាប់ផ្សេងទៀតនៅទូទាំងប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





