AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ -- ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងព្យុងយ៉ាងបានឱ្យដឹងកាលពីថ្ងៃចន្ទថា លោក អានដ្រេយ ប៉ូដេលីសេវ (Andrey Podelyshev) ដែលជាឯកអគ្គរដ្ឋទូតថ្មីរបស់រុស្ស៊ីប្រចាំនៅប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមបំពេញភារកិច្ចរបស់លោកដោយការដាក់ជូននូវឯកសារនៃលិខិតតែងតាំងមុខតំណែងទៅកាន់ក្រសួងការបរទេស។
ស្ថានទូតបានបញ្ជាក់នៅលើបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់ខ្លួនថា លោកឯកអគ្គរដ្ឋទូតបានប្រគល់ឯកសារច្បាប់ចម្លងនោះជូន លោកគីម ម្យុងជីន (Kim Myong-jin) ដែលជាប្រធាននាយកដ្ឋានពិធីការទី២ នៃក្រសួងការបរទេសកាលពីព្រឹកថ្ងៃដដែលនោះ ហើយស្ថានទូតបានបន្ថែមថាអ្នកទាំងពីរបានសន្ទនានឹងគ្នាដោយភាពស្និទ្ធស្នាល និងបានប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
យោងតាមពិធីការការទូតបានឱ្យដឹងថា ឯកអគ្គរដ្ឋទូតដែលទើបមកដល់ថ្មីបានចាប់ផ្តើមបំពេញតួនាទីរបស់ខ្លួននៅពេលដែលពួកគេដាក់ឯកសារច្បាប់ចម្លងនៃលិខិតតែងតាំងមុខតំណែងទៅកាន់ក្រសួងការបរទេស ដែលនេះគឺជាជំហានដំបូងមុនពេលមានពិធីប្រគល់លិខិតតាំងតំណែងជាផ្លូវការជាមួយប្រមុខរដ្ឋ។
បន្ទាប់ពីមកដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសៅរ៍ លោក ប៉ូដេលីសេវបានទៅគោរពវិញ្ញាណក្ខន្ធនៅវិមានរំដោះ (Liberation Tower) ដើម្បីឧទ្ទិសដល់កងទ័ពសូវៀតដែលបានពលីជីវិតក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ និងបានទៅទស្សនាស្តង់អនុស្សាវរីយ៍មួយដែលឧទ្ទិសដល់កងទ័ពកូរ៉េខាងជើង ដែលបានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ឃូស របស់ប្រទេសរុស្ស៊ី។
លោក ប៉ូដេលីសេវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកាលពីខែកក្កដាបន្ទាប់ពីការទទួលមរណភាពភ្លាមៗរបស់លោក អាឡិចសាន់ដឺ ម៉ាតសេហ្គោរ៉ា (Alexander Matsegora) ដែលជាអ្នកកាន់តំណែងមុនលោក នៅទីក្រុងព្យុងយ៉ាងកាលពីខែធ្នូ ឆ្នាំមុន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





