AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងហិរញ្ញកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើបទបង្ហាញជូនគណៈប្រតិភូដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម អំពីគោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសកូរ៉េខាងត្បូង។
យោងតាមក្រសួងផែនការ និងហិរញ្ញ បានឱ្យដឹងថា លោក កាង យ៉ុងយូ (Kang Young-kyu) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកយុទ្ធសាស្ត្រសម្រាប់ពេលអនាគតនៅក្រសួងហិរញ្ញ បានជួបជាមួយគណៈប្រតិភូដែលដឹកនាំដោយ លោក ង្វៀន ឌុកជី (Nguyen Duc Chi) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម។
ក្រសួងបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ ប្រទេសកូរ៉េខាងត្បូងបានបង្ហាញពីគោលនយោបាយសារពើពន្ធរបស់ខ្លួន រួមទាំងវិធីសាស្ត្រក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
ក្រសួងបានបន្ថែមថា ទស្សនកិច្ចនេះធ្វើឡើងតាមការណែនាំរបស់ធនាគារពិភពលោក ខណៈដែលប្រទេសវៀតណាមកំពុងស្វែងរកការរៀនសូត្រពីគោលនយោបាយសារពើពន្ធ និងបទពិសោធន៍នៃការកែទម្រង់របស់ប្រទេសកូរ៉េខាងត្បូង។
ក្រសួងហិរញ្ញបានឱ្យដឹងថា ខ្លួនមានគម្រោងបន្តចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងថវិកា និងយុទ្ធសាស្ត្រសម្រាប់ពេលអនាគតជាមួយដៃគូសំខាន់ៗ រួមទាំងប្រទេសវៀតណាមផងដែរ ព្រមទាំងខិតខំកំណត់គម្រោងសហប្រតិបត្តិការជាក់លាក់នានា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





