AKP កណ្ដាល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦--អាជ្ញាធរខេត្តកណ្តាល បានបន្តយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងរុះរើសំណង់ដែលរំលោភលើចំណីផ្លូវនៅតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ក្នុងគោលបំណងលើកកម្ពស់សោភ័ណ្ឌភាពក្រុង និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះដែរ លោក ណុប ដារ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានស្ម័គ្រចិត្តរុះរើសំណង់រំលោភលើចិញ្ចើមផ្លូវ ដើម្បីរួមចំណែកបើកផ្លូវឱ្យមានភាពទូលាយ។ ការរៀបចំសណ្តាប់ធ្នាប់ និងការរុះរើសំណង់មិនរៀបរយទាំងនេះ មិនត្រឹមតែជួយលើកកម្ពស់សោភ័ណ្ឌភាពដងផ្លូវឱ្យមានរបៀបរៀបរយ និងស្រស់ស្អាតប៉ុណ្ណោះទេ ព្រមទាំងជួយសម្រួលដល់ការចតយានយន្ត កាត់បន្ថយការកកស្ទះចរាចរណ៍ប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជាការទាក់ទាញបន្ថែមទៀតក្នុងក្រុងតាខ្មៅ ។

យុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងរុះរើសំណង់ដែលរំលោភលើចំណីផ្លូវនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ដោយ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការសហការជាមួយអាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





