AKP ភ្នំពេញ ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៦--
គិតចាប់ពីថ្ងៃទី២៨ ខែសីហាដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមការងារក្រសួងបរិស្ថាន បានចូលរួមជាមួយមន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទតំណាងអង្គការដៃគូ អង្គការ សមាគម សង្គមស៊ីវិល អ្នកស្រឡាញ់បរិស្ថាន និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បានធ្វើការល្បាត បានចំនួន ៤៣៨លើក និងបង្រ្កាបបានបទល្មើស ចំនួន៦៨ករណីនៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា ។

ក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងអំឡុងពេលដូចគ្នា ក្រុមការងារបានកសាងសំណុំរឿង បានចំនួន៥ករណី មានជនសង្ស័យចំនួន៥នាក់ និងបានដកហូតឈើចំនួន៣៧.៦៤ម៉ែត្រគូប។ ក្រុមការងារបានដកហូតផ្ទៃដីបង្រ្កាបបានចំនួន១៤,៦៩ហិកតា ម៉ូតូចំនួន១៥គ្រឿង គោយន្ត/រ៉ឺម៉កចំនួន ៧គ្រឿង រថយន្ត ចំនួន១គ្រឿង កាំភ្លើងកែច្នៃចំនួន១៨ដើម អន្ទាក់៤៥៤ខ្សែ លួសបន្លាប្រវែង ៣២១០ម និងសម្ភារៈមួយចំនួនទៀត។
ក្នុងការចេញផ្សាយតាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៦ក្រសួងបរិស្ថានអះអាងផងដែរពីការបន្តបង្កើនការអនុវត្តច្បាប់ ឱ្យបានតឹងរឹង ពង្រឹងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធអង្គការដៃគូ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋាន ឱ្យចូលរួមការពារធនធានធម្មជាតិ។

ជាមួយគ្នានេះក្រសួងបរិស្ថាន នឹងពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង ទប់ស្កាត់បទល្មើសព្រៃឈើ និងការទន្ទ្រានយកដីព្រៃក្នុងតំបន់ការពារការពារធម្មជាតិ និង បន្តការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ផ្ដល់ជម្រើសផ្នែកសេដ្ឋកិច្ច និងមុខរបរជូនប្រជាពលរដ្ឋ រស់នៅជុំវិញតំបន់ការពារ ដើម្បីកាត់បន្ថយការអាស្រ័យផលលើព្រៃឈើ ពង្រឹងការដាំស្តារព្រៃ និងការអភិរក្សធនធានធម្មជាតិ៕

ដោយ មករា





