AKP ភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦–ក្នុងជំនួបពិភាក្សាការងារកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាអំពីការអភិវឌ្ឍលើវិស័យសុខាភិបាល ការបណ្តុះបណ្តាលវេជ្ជសាស្ត្រ និងវិស័យឱសថសាស្ត្រ នៃប្រទេសទាំងពីរ។


ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរចំពោះការរីកចម្រើនផ្នែកវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology) របស់គុយបា ព្រមទាំងស្វាគមន៍ការចែករំលែកបទពិសោធន៍របស់គុយបាលើការផលិតឱសថសំខាន់ៗ ពិសេសឱសថព្យាបាលជំងឺទឹកនោមផ្អែម ជំងឺរលាកថ្លើមប្រភេទបេ (Hepatitis B) និងជំងឺមហារីក រួមទាំងការថែទាំសុខភាពបឋម។ ជាការឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់គុយបា ក្នុងការបន្តចែករំលែកបទពិសោធ និងបណ្តុះបណ្តាលវេជ្ជបណ្ឌិតជំនាញដល់កម្ពុជា។

ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃបណ្តាញអតីតនិស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅ ប្រទេសគុយបា និងសង្ឃឹមថានឹងមានការផ្លាស់ប្តូរអ្នកជំនាញ និងនិស្សិតទៅវិញទៅមកបន្ថែមទៀត ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យគុយបាផងដែរ។
ដោយ៖ ចាន់ សុភឿន , ប្រភព៖ ព្រឹទ្ធសភា





