AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ -- មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) កំពុងតាមដានករណីសង្ស័យមួយដែលមិនទាន់ត្រូវបានបញ្ជាក់អំពីជំងឺប៉េស្តប្រភេទរលាកសួត ដែលបណ្តាលឱ្យស្លាប់នៅក្នុងតំបន់ Irkutsk នៃប្រទេសរុស្ស៊ី។ ជំងឺប៉េស្តប្រភេទរលាកសួតគឺជាជំងឺបាក់តេរីដ៏ធ្ងន់ធ្ងរមួយដែលឆ្លងតាមរយៈដំណក់ទឹកចេញពីផ្លូវដង្ហើមប៉ុន្តែអាចព្យាបាលបានដោយថ្នាំអង់ទីប៊ីយោទិក ប្រសិនបើរកឃើញទាន់ពេលវេលា។ មន្ត្រី CDC បានបញ្ជាក់ថា បច្ចុប្បន្នមិនមានសញ្ញាណាមួយដែលបង្ហាញពីការគំរាមកំហែងកាន់តែទូលំទូលាយដល់សហរដ្ឋអាមេរិកនោះទេ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បានរិះគន់អាជ្ញាធររុស្ស៊ីចំពោះការផ្តល់ព័ត៌មានមានកម្រិត និងការអះអាងថា បុគ្គលដែលបានកើតជំងឺនោះបានស្លាប់ដោយសារជំងឺរលាកសួត ព្រមទាំងបានព្រមានថា ការលាក់បាំងព័ត៌មានលម្អិត គឺជាការរំលោភលើកាតព្វកិច្ចសុខភាពអន្តរជាតិ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃថា ហានិភ័យនៃការឆ្លងរាលដាលជាលក្ខណៈអន្តរជាតិ គឺមានកម្រិតទាបបំផុត។
ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍នេះ និងវិធានការចត្តាឡីស័កនៅក្នុងតំបន់ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីណែនាំអំពីការធ្វើដំណើរ ដោយជំរុញឱ្យពលរដ្ឋអាម៉េរិកចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ និងព្រមានកុំឱ្យធ្វើដំណើរទៅកាន់ទីនោះ។ សេចក្តីណែនាំនេះ បានសង្កត់ធ្ងន់លើការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលអាម៉េរិកដែលមានកម្រិតនៅក្រៅទីក្រុងមូស្គូ ព្រមទាំងហានិភ័យនៃការឃុំខ្លួនដោយអយុត្តិធម៌ និងកង្វល់ផ្នែកសន្តិសុខដែលកំពុងបន្តមាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





