AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ -- ព្រឹត្តិការណ៍អាស៊ានបាហ្សាឆ្នាំ២០២៦ (ASEAN Bazaar 2026) បានបង្ហាញពីភាពចម្រុះនៃវប្បធម៌ម្ហូបអាហារ និងសិប្បកម្មរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសម្ចាស់ផ្ទះ គឺឥណ្ឌា ដោយជួយពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្លុកអាស៊ាន និងប្រទេសនៅអាស៊ីខាងត្បូងមួយនេះ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះដោយស្ថានទូតហ្វីលីពីន ដែលជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅប្រទេសឥណ្ឌាសម្រាប់ឆ្នាំ២០២៦។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) លោក ចូស៊ែល អ៊ីកណាស៊ីអូ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅឥណ្ឌា បាននិយាយថា ព្រឹត្តិការណ៍នេះបានបង្ហាញនូវវប្បធម៌ និងម្ហូបអាហាររបស់បណ្តាប្រទេសនៅអាស៊ានដល់ភ្ញៀវទេសចរឥណ្ឌា និងអន្តរជាតិ ដោយលោកបានកត់សម្គាល់ថា វប្បធម៌ និងម្ហូបអាហារ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការនាំមនុស្សឱ្យកាន់តែជិតស្និទ្ធនឹងគ្នា។
ស្តង់របស់វៀតណាម បានដាក់តាំងបង្ហាញនូវផលិតផលមកពីតំបន់ផ្សេងៗគ្នា ដែលត្រូវបានជ្រើសរើស និងរៀបចំយ៉ាងយកចិត្តទុកដាក់ដោយបុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីបង្ហាញពីវប្បធម៌វៀតណាម ដែលបានបន្ថែមភាពលេចធ្លោដល់ទិដ្ឋភាពវប្បធម៌រួមរវាងអាស៊ាន និងឥណ្ឌា។
ប្រទេសឥណ្ឌាក៏បានដាក់តាំងបង្ហាញសិប្បកម្មដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណនៅតំបន់អាស៊ីខាងត្បូងផងដែរ ដែលនេះជាការចូលរួមជាលើកដំបូងរបស់ខ្លួនតាមរយៈស្តង់មួយនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អាស៊ាននេះ។
ម្ហូបអាហារក៏ជាចំណុចទាក់ទាញដ៏សំខាន់មួយផងដែរ ដោយភ្ញៀវបានភ្លក់រសជាតិមុខម្ហូបរបស់ឡាវ ឥណ្ឌូណេស៊ី និងវៀតណាម។
ភ្ញៀវទេសចរជនជាតិបារាំង គឺលោក ហ្សង់ ម៉ារី និងអ្នកស្រី អលហ្កា ម៉ារី ដែលធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមពីមុនមក បាននិយាយថា ពួកគេពេញចិត្តយ៉ាងខ្លាំងចំពោះម្ហូបវៀតណាម ហើយបានទៅទស្សនាស្តង់ម្ហូបអាហាររបស់ប្រទេសនេះមុនគេ។
ឆាកនៃព្រឹត្តិការណ៍អាស៊ានបាហ្សាឆ្នាំ២០២៦ បានក្លាយជាកន្លែងបង្ហាញទេពកោសល្យ ដែលតំណាងមកពីប្រទេសនានាបានបង្ហាញនូវទម្រង់សិល្បៈសម្តែងប្រពៃណីដ៏ល្អឯករបស់ពួកគេ។ របាំដ៏ទន់ភ្លន់ និងបទភ្លេងប្រជាប្រិយប្រពៃណីរបស់ប្រទេសនៅអាស៊ាន បានទទួលការទះដៃអបអរសាទរយ៉ាងកងរំពង ខណៈដែលការសម្តែងដ៏រស់រវើករបស់ឥណ្ឌាបានធ្វើឱ្យឆាកនេះកាន់តែមានភាពរស់រវើក និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា។
លោកស្រី ត្រាន់ មីញង្វៀត ដែលជាភរិយារបស់រដ្ឋមន្ត្រីទីប្រឹក្សាប្រចាំស្ថានទូតវៀតណាមនៅទីក្រុងញូវដេលី បាននិយាយថា ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ម្ហូបអាហារ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងពង្រឹងសាមគ្គីភាពក្នុងចំណោមប្រទេសនៅអាស៊ាន និងរវាងអាស៊ាន និងឥណ្ឌាផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





