AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ លោក លី ជេម្យុង (Lee Jae Myung) បានផ្ញើសារអបអរសាទរជូនចំពោះប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ក្នុងឱកាសដែលលោកត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិទី៤។
លោក លី បានសរសេរនៅលើគណនីបណ្តាញសង្គមអ៊ិចរបស់លោកថា៖ «ខ្ញុំសូមអបអរសាទរចំពោះជ័យជម្នះរបស់លោកដោយក្តីរីករាយយ៉ាងក្រៃលែង»។ សារនេះត្រូវបានបង្ហោះប៉ុន្មានម៉ោងបន្ទាប់ពីលោក លូឡា បានឈ្នះការបោះឆ្នោតជុំទី២ កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យលោកទទួលបានតំណែងជាប្រធានាធិបតីសម្រាប់អាណត្តិទី៤។ លោក លី បានហៅលោកលូឡា ថាជា «មិត្តពិសេស និងជាសមមិត្ត»។
លោក លី បានលើកឡើងថា៖ «ដោយផ្អែកលើទំនុកចិត្ត និងការរំពឹងទុករបស់ប្រជាពលរដ្ឋ ខ្ញុំជឿជាក់ថា លោកនឹងដើរតួនាទីកាន់តែសំខាន់ទៅមុខទៀត»។ ជាមួយគ្នានេះ លោក លី ក៏បានលើកទឹកចិត្តឱ្យប្រធានាធិបតីប្រេស៊ីលរូបនេះ «បន្តដំណើរទៅមុខយ៉ាងមុតមាំឆ្ពោះទៅរកអនាគតនៃប្រទេសប្រេស៊ីល ដូចដែលលោកបានគ្រោងទុក»។
លើសពីនេះ លោក លី ក៏បានសម្តែងក្តីប្រាថ្នាចង់ជួបជាមួយលោក លូឡា ម្តងទៀតផងដែរ។
លោក លី និងលោក លូឡា ធ្លាប់បានជួបគ្នាដោយផ្ទាល់ជាច្រើនលើកដោយបានបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនដ៏ពិសេសមួយ តាមរយៈបទពិសោធន៍រួមគ្នាកាលពីអតីតកាលក្នុងនាមជាកុមារដែលត្រូវបង្ខំឱ្យធ្វើការងារធ្ងន់ធ្ងរ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





