AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ -- ចលនាអាន់សារអាឡោះរបស់ប្រទេសយេម៉ែន ដែលគេស្គាល់ថាជាក្រុមឧទ្ទាមហ៊ូធី បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបើកការវាយប្រហារទៅលើស្ថានីយបូមប្រេងនៃបំពង់បង្ហូរប្រេងតភ្ជាប់ពីភាគខាងកើតទៅភាគខាងលិចនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
លោក យ៉ាស់យ៉ា សារី អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី បាននិយាយថា «យើងបានធ្វើប្រតិបត្តិការមួយដោយប្រើប្រាស់យន្តហោះដ្រូនវាយប្រហារទៅលើស្ថានីយបូមប្រេងនានា ដែលស្ថិតនៅតាមបណ្តោយបំពង់បង្ហូរប្រេងតភ្ជាប់ពីភាគខាងកើតទៅភាគខាងលិច»។
លោក សារី បានបន្ថែមថា ក្រុមហ៊ូធីក៏បានធ្វើប្រតិបត្តិការចំនួនពីរផ្សេងទៀត ដោយកំណត់គោលដៅលើកងកម្លាំងចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងទីតាំងស្តុកអាវុធនៅក្នុងខេត្តឡាហេច និងខេត្តអាដេន នៃប្រទេសយេម៉ែនផងដែរ។
ជម្លោះរវាងក្រុមហ៊ូធី និងកងកម្លាំងដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបានផ្ទុះឡើងកាន់តែខ្លាំងនៅក្នុងខែសីហា បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេល ៤ឆ្នាំ។ ភាពតានតឹងនេះបានកើតឡើងក្រោយពេលដែលក្រុមហ៊ូធីបានវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងសមុទ្រក្រហមដើម្បីសងសឹកនឹងការបាញ់ផ្លោងទៅលើអាកាសយានដ្ឋាននៅទីក្រុងសាណាអា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





