AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបាស់ អារ៉ាកឈី បាននិយាយកាលពីពេលថ្មីៗនេះថា «នឹងគ្មានអ្វីដូចដើមឡើយ» នៅក្នុងតំបន់ បន្ទាប់ពីមានសង្គ្រាមថ្មីៗនេះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមទាំងការគ្រប់គ្រងច្រកសមុទ្រហ័រមុស។
លោក អារ៉ាកឈី បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅក្រសួងការបរទេសថា «សង្គ្រាមបច្ចុប្បន្នបានផ្លាស់ប្តូរអ្វីៗទាំងអស់។ យើងត្រូវតែទទួលស្គាល់ថា មានការពិតថ្មីៗបានលេចឡើង»។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់។
លោកបានបន្ថែមថា «ផ្លូវដឹកជញ្ជូនតាមសមុទ្រកាត់តាមច្រកសមុទ្រហ័រមុស នឹងមិនដូចពីមុនទៀតទេ ហើយរបៀបនៃការគ្រប់គ្រងច្រកសមុទ្រនេះក៏នឹងមិនដូចកាលពីអតីតកាលដែរ»។
មន្ត្រីការទូតជាន់ខ្ពស់រូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់នឹងស្វាគមន៍ «ផែនការសន្តិសុខណាមួយ ដែលកើតចេញពីក្នុងតំបន់នេះផ្ទាល់»។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែមានជំហរផ្ទុយគ្នាជុំវិញការគ្រប់គ្រងផ្លូវទឹកដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រមួយនេះ ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល បានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ។ ខណៈដែលទីក្រុងតេអេរ៉ង់អះអាងពីសិទ្ធិអំណាចរបស់ខ្លួនក្នុងការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ ទីក្រុងវ៉ាស៊ីនតោនវិញ បានទាមទារឱ្យមានការធ្វើនាវាចរណ៍ដោយគ្មានការរឹតត្បិត។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយកាលពីខែមិថុនា ដើម្បីដោះស្រាយជម្លោះរវាងភាគីទាំងពីរ ប៉ុន្តែកិច្ចចរចាផ្នែកការទូតបានជាប់គាំង ខណៈដែលភាពតានតឹងរវាងភាគីទាំងពីរបានកើនឡើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





