AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានTasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសាអ៊ូដ ប៉េហ្សេសគីអាន់ ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃចន្ទ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនាំចេញឧស្ម័ន នៅទីក្រុងមូស្គូនិងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។
លោក ប៉េហ្សេសគីអាន់ គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃវេទិកាប្រទេសនាំចេញឧស្ម័ន (GECF) នៅថ្ងៃអង្គារនេះ ដែលក្នុងនោះលោកត្រូវបានរំពឹងថានឹងថ្លែងសុន្ទរកថាផងដែរ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនេះប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏អាចនឹងមានជំនួបទ្វេភាគីជាមួយមេដឹកនាំនៃប្រទេសដទៃទៀត ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកឈី បានប្រកាសកាលពីពេលថ្មីៗនេះថា លោក ប៉េហ្សេសគីអាន់ និងលោក ពូទីន នឹងជួបគ្នានៅទីក្រុងមូស្គូក្នុងសប្តាហ៍នេះ។
នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម លោក អារ៉ាកឈី បានលើកឡើងថា ជំនួបនេះ គឺជាការបន្តពីការពិភាក្សាដែលបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ ឡាវរ៉ូវ ទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី១៩ ខែតុលា។
កិច្ចពិភាក្សានេះត្រូវបានគេរំពឹងថានឹងផ្តោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាស្ថានការណ៍វិវត្តនានាទាំងក្នុងតំបន់ និងអន្តរជាតិ។
វេទិកា GECF គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលប្រមូលផ្តុំបណ្តាប្រទេសផលិតឧស្ម័នធម្មជាតិធំៗ រួមមាន អ៊ីរ៉ង់ រុស្ស៊ី កាតា និងអាល់ហ្សេរី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





