AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះជប៉ុនដែលបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ហើយសម្ដេចសង្ឃឹមយ៉ាងមុតមាំថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា ជាឯកអគ្គរាជទូត នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមក្នុងឱកាសនេះ។ ឯកឧត្តមបានសរសើរពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដែលដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមក៏បានរំលេចផងដែរថា ប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម ជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមបានប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួនដែលប្រទេសទាំងពីរគប្បីត្រូវធ្វើបន្ថែម គឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ហើយ សំខាន់ថែមទៀតនោះ គឺការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តនូវការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានពិពណ៌នាអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងជប៉ុន ដែលមានមកជាមួយគ្នា។ សម្ដេចតេជោបានលើកឡើងថា ពេលនេះប្រទេសទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពូនជ្រុំនាពេលកន្លងមក តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្ន។ សម្ដេចតេជោប្រធានព្រឹទ្ធសភាពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសម្ដេចបន្ថែមថា ទំនាក់ទំនងស្នូលរវាងកម្ពុជា និងជប៉ុន គឺមិនអាចខ្វះបានឡើយ នូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលត្រូវដើរទន្ទឹមគ្នា។

ទាក់ទងទៅនឹងទំនាក់ទំនងនយោបាយរវាងកម្ពុជា និងជប៉ុន សម្ដេចតេជោក៏បានអរគុណចំពោះជប៉ុនដែលបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក៕
ដោយ៖ ជឹម ណារី





