AKP កំពង់ធំ ថ្ងៃ២៨ ខែតុលា ឆ្នាំ២០២៦ — នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ បានដំណើរការកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពសមាជិកអតីតយុទ្ធជន និងនិវត្តជន នៅខេត្តកំពង់ធំ ដើម្បីត្រៀមបំពាក់មេដាយអនុស្សាវរីយ៍ស្ថាបនិកនយោបាយឈ្នះឈ្នះ ដែលនឹងដំណើរការបំពាក់ជូននៅខែវិច្ឆិកា និងនៅខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងដោយមានការចូលរួមពីលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិ ជំនួយសង្គមខេត្ត និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងលោកអភិបាលរង ក្រុង ស្រុក លោកអនុប្រធានប្រចាំការនៃសមាគមអតីតយុទ្ធជន ក្រុង ស្រុក ទាំង៩ និងសមាជិកក្រុមលេខាធិកាដ្ឋានបានចូលរួមតាមការអញ្ជើញ។

ជាកិច្ចចាប់ផ្ដើម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រកាស បើក កិច្ច ប្រជុំ និង បាន ជម្រាប ជូន អង្គប្រជុំ អំពី គោលបំណង នៃ ការ ធ្វើ បច្ចុប្បន្ន ភាព របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់រាជធានី ខេត្ត ក្នុង ការ ធ្វើបច្ចុប្បន្នភាព តាមគំរូណែនាំថ្មី របស់ថ្នាក់កណ្ដាល ដើម្បីរៀបចំពិធីបំពាក់មេដាយអនុស្សាវរីយ៍ស្ថាបនិកនយោបាយឈ្នះឈ្នះជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលពួកគាត់បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងការការពារជាតិមាតុភូមិ ការពារ និងទប់ស្កាត់ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន ព្រមទាំងបានចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។

លោក ជូន សិលាវិត បានអាន សេចក្ដី ជូន ដំណឹង ៤៧៦ អ ន ក ចុះ ថ្ងៃ ទី ២១ ខែ តុលា ឆ្នាំ ២០២៦ និង បាន ណែនាំជាក់ស្ដែងអំពីគំរូតារាងរបស់គណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៃការធ្វើបច្ចុប្បន្នភាព ចំពោះសមាសភាពអតីតយុទ្ធជន និងនិវត្តជន និងគ្រួសារយុទ្ធជនពលី មរណៈនៅតាមមូលដ្ឋាននានាក្នុងទូទាំងខេត្តកំពង់ធំ ដើម្បីរាយការណ៍ជូនថ្នាក់កណ្ដាលឱ្យទាន់ពេលវេលា។ បន្ទាប់មក សមាជិក សមាជិកានៃអង្គប្រជុំ បានពិភាក្សាយ៉ាងផុសផុល ដើម្បីត្រៀមអនុវត្តក្នុងការធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមការណែនាំ និងទាន់ពេលវេលាដែលថ្នាក់កណ្ដាលបានកំណត់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកានៃអង្គប្រជុំ ដែលជាគណៈកម្មាធិការសមាគមអតីតយុទ្ធជន នៅតាមក្រុង ស្រុកនីមួយៗ ដែលកន្លងទៅបានខិតខំបំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនឱ្យទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ដោយឡែក ចំពោះមុខនេះ ត្រូវខិតខំធ្វើបច្ចុប្បន្នភាពថ្មីតាមការណែនាំរបស់ថ្នាក់កណ្ដាលឱ្យទាន់ពេលវេលា ដើម្បីដំណើរការបំពាក់មេដាយអនុស្សាវរីយ៍ស្ថាបនិកនយោបាយឈ្នះឈ្នះជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនរបស់យើង តាមកាលបរិច្ឆេទដែលបានកំណត់។ ហើយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំបន្ថែមនៅភារកិច្ចមួយចំនួនទៀត ដែលត្រូវយកចិត្តទុកដាក់មើលថែទាំបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននីមួយៗ ដើម្បីដោះស្រាយជូនគាត់តាមលទ្ធភាពដែលអាចធ្វើទៅបាន៕
ដោយ៖ ស៊ុម វណ្ណា





