AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦–
ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយយុទ្ធនាការ «ឆន្ទៈល្អ» លើកទី២ ស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។

ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយយុទ្ធនាការ «ឆន្ទៈ-ល្អ» លើកទី២នេះធ្វើឡើងក្នុងគោលបំណងពង្រឹងវិធានការការពារ និងតម្រង់ទិសដល់ក្រុមហ៊ុនផលិត ទីភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ ដើម្បីរួមគ្នាយកចិត្តទុកដាក់លើសុខុមាលភាពសាធារណៈស្របតាមស្មារតីនៃសេចក្តីជូនដំណឹងលេខ ២២៤០ សណ្ឋ.ណប ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ (ក.គ.ជ.ស.) បានប្រកាសបើកកម្មវិធីជាផ្លូវការ ព្រមទាំងបានប្រកាសដាក់ឱ្យអនុវត្តន៍នូវទម្រង់ បែបបទ នីតិវិធី និងវិធានការជាក់ស្តែងក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលទាំងពីរប្រភេទនេះ។

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលាក៏មានការជជែកពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗពីរ៖ ១. ការពង្រឹងការអនុវត្តវិធានការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង៖ ដើម្បីការពារសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ២. គោលការណ៍ «ឆន្ទៈល្អ» និងការផ្សាយពាណិជ្ជកម្មប្រកបដោយទំនួលខុសត្រូវ៖ ជំរុញឱ្យភាគីពាក់ព័ន្ធផ្លាស់ប្តូរពីការអនុលោមតាមបទប្បញ្ញត្តិ ទៅជាការមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម និងការការពារអ្នកប្រើប្រាស់៕
ដោយ៖ ទូច វលក័្ខណ





