AKP ព្រះសីហនុ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦--កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើរសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ គ្រឿង ម៉ាស៊ីន សម្ភារៈបរិក្ខារផលិតកម្ម វត្ថុធាតុដើម និងគ្រឿងបន្ទាប់បន្សំរបស់ក្រុមហ៊ុនចំនួន ៣ក្រុមហ៊ុន។

ការស្នើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមនេះ ជាបន្ទុករបស់រដ្ឋ ដែលមានក្រុមហ៊ុនម្ចាស់សំណើរទាំង៣ ដែលទទួលបានការអនុម័តលើបញ្ជីមេ (Master List) ស្នើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋរួមមាន៖
-ក្រុមហ៊ុនផលិតក្តារបន្ទះ ដុងភីង វូដ ឯ.ក។
-ក្រុមហ៊ុនផលិតក្តារបន្ទះ ឈើសន្លឹក គ្រឿងសង្ហារិម គ្រឿងបង្គុំគ្រឿងសង្ហារិម ហ្សេងសិន វូដ អ៊ិនដាសស្រ្ទី ឯ.ក។
-ក្រុមហ៊ុនផលិតឧបករណ៍សុវត្តិភាពសម្រាប់ឃ្លាំងការដ្ឋាន និងគ្រឿងប្រើប្រាស់ទូទៅ ខេន វែល អិមអេហ្វជី (ខេមបូឌា) គឺសុទ្ធសឹងជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់ (គ.ល.គ.) ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ កាលពីឆ្នាំ២០២៤ និងឆ្នាំ២០២៦។

ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០២៤ ហើយកម្មវិធីពិសេសជំរុញការវិនិយោគនេះ បន្តរហូតដល់ឆ្នាំ២០២៧ ដែលមានអ្នកវិនិយោគបានដាក់ពាក្យស្មើសុំវិនិយោគនូវអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ដែលមានទុនវិនិយោគក្រោម៥លានដុល្លារសហរដ្ឋអាមេរិក ៕



ដោយ ងូ សុមុនី





