AKP ភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦--វត្តពោធិសត្ថារាម ហៅវត្តពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ បានធ្វើពិធីបញ្ចុះបឋមសីលាកសាងសាលាបាលី ដែលមានទទឹងប្រវែង ៩.៥០ម៉ែត្រ និងបណ្តោយប្រវែង ២៨ម៉ែត្រ កម្ពស់២ជាន់ សម្រាប់ព្រះសង្ឃមកពីគ្រប់មជ្ឈដ្ឋានសិក្សារៀនសូត្រ ដើម្បីបណ្តុះបណ្តាលធនធានព្រះសង្ឃក្នុងព្រះពុទ្ធសាសនានៅកម្ពុជា។

ក្នុងពិធីនេះ ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាផ្ទាល់គណ:សង្ឃនាយក សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ ព្រះនាយកពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងជាព្រះគ្រូចៅអធិការវត្តជម្ពូវ័ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសទ្ធាជ្រះថ្លារបស់លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិក នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងលោកជំទាវ យូរ ឃីមធីឡាយ ព្រមទាំងកូនចៅ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមចំណែកក្នុងការជួយកសាងសាលាបាលីវត្តពោធិសត្ថារាម ហៅវត្តពោធិ៍ចិនតុងនាពេលនេះ ដើម្បីទុកជាប្រយោជន៍ដល់ការបណ្តុះបណ្តាលដល់ព្រះសង្ឃឱ្យមានចំណេះដឹងគ្រប់គ្រាន់ ដែលនឹងញ៉ាំងឱ្យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចម្រើនអាស្រ័យដោយយើងមានធនធាន
សង្ឃ ដែលប្រកបដោយចំណេះដឹង។

ក្នុងឱកាសនេះ លោកឧកញ៉ា ជា ធីឡាយ និងលោកជំទាវបានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅវត្តពោធិសត្ថារាម ហៅវត្តពោធិ៍ចិនតុង ដែលនឹងផ្ដល់ជាទីបណ្តុះបណ្តាលដល់ព្រះសង្ឃអំពីបាលី ធម្មវិន័យ និងការបង្ហាត់បង្រៀនក្មេងៗ ដែលគ្មានលទ្ធភាពសិក្សារៀនសូត្រនៅសាលាខាងក្រៅផងដែរ។ លោកឧកញ៉ាបានចាត់ទុកការកសាងសមិទ្ធផលនៅវត្តពោធិសត្ថារាម (ពោធិ៍ចិនតុង)ថា ជាការរួមចំណែកដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យស័ក្តិសមជាសាសនារបស់រដ្ឋ និងជាទីឋានសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបផងដែរ។

ខណៈក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានធ្វើឱ្យប្រជាពលរដ្ឋមានការគោរពប្រតិបត្តិសាសនាឡើងវិញ និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយប្រជាពលរដ្ឋមានសិទ្ធិគោរពប្រតិបត្តិទៅតាមសាសនាដែលខ្លួនស្រឡាញ់ពេញចិត្ត៕
ដោយ ចាន់ សុភឿន





