AKPកំពង់ធំ ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមួយមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត អនុសាខាកាកបាទក្រហមស្រុកតាំងគោកបានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន១០៣នាក់(ស្រ្តី៧៥នាក់)នៅវិទ្យាល័យទ្រៀលស្រុកតាំងគោកខេត្តកំពង់ធំកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៦។

ពិធីក្រោមអធិបតីភាពឯកឧត្តម ជា វាន់ចាន់ លេខាធិការកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងដោយមានការអញ្ជើញចូលរួមពីលោក អ៉ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកការងារយុវជន ប្រធានការិយាល័យយុវជន នៃមន្ទីរឣប់រំ យុវជន និងកីឡាខេត្តកំពង់ធំ សមាជិកសមាជិកាគណ:កម្មាធិការ អនុសាខា លោកនាយក នាយករង ទីប្រឹក្សាយុវជន លោកគ្រូឣ្នកគ្រូនិងយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យទ្រៀល។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ជា វាន់ចាន់ បានការកោតសរសេីរចំពោះក្រុមយុវជនទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជានិងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងបានផ្តាំផ្ញើដល់ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជាត្រូវខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អនិងពលរដ្ឋល្អនៅក្នុងសង្គម ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យ និងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ចៀសវាងការប្រើប្រាស់អំពើហិង្សា ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សារៀនសូត្រ ចូលរួមអនាម័យ ថែរក្សាសុខភាព លាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ។

យុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យទ្រៀល បានធ្វើការប្តេជ្ញាចិត្ត៖១.ខិតខំអនុវត្តឱ្យបានល្អ វិន័យ បទបញ្ជារបស់យុវជនកាកបាទក្រហមកម្ពុជា។ ២.ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពរវាងគ្នានិងគ្នារវាងយុវជនកាកបាទក្រហមកម្ពុជានិងយុវជនដ៏ទៃទៀត។ ៣.ខិតខំរៀនសូត្រយកចំណេះវិជ្ជា ដើម្បីក្លាយជាកូនល្អសិស្សល្អ យុវជនល្អ មិត្តល្អ ពលរដ្ឋល្អមិនធ្វើអំពើអសីលធម៌ផ្សេងៗ ដែលនាំឱ្យអ្នកមានគុណពិបាកចិត្តនិងមានទុក្ខ។ ៤.អនុវត្តក្រមសីលធម៌ មិត្តអប់រំមិត្ត មិនបណ្តោយខ្លួនឱ្យធ្លាក់ចូលក្នុងអំពើមិនល្អ មានល្បែងពាលា គ្រឿងញៀន ក្មេងទំនើង។ ៥. មិនប្រើឯកសណ្ឋាននេះដើម្បីគ្រាន់តែល្អមើល បង្អួតគេឯងឡើយគឺប្រើក្នុងបេសកកម្មរបស់ខ្លួនជាយុវជនកាកបាទក្រហម បេះដូងមនុស្សធម៌បរិសុទ្ធថ្លៃថ្លា ជួយដល់អ្នករងគ្រោះងាយរងគ្រោះបំផុតនិង៦.ចូលរួមធ្វើសកម្មភាពជាក់ស្តែងដូចជាសុវត្ថិភាពចរាចរណ៍ អនាម័យ បរិស្ថាន អប់រំថែទាំសុខភាព ដល់សហគមន៍ ចូលរួមចំណែកចំណែកទប់ស្កាត់អំពើអសីលធម៌ក្នុងសង្គម ដូចជាគ្រឿងញៀន ក្មេងទំនើងអំពើហិង្សាព្រមទាំងចូលរួមដាំ និងថែរក្សាដើមឈើ។

សូមបញ្ជាក់ថា សម្រាប់អាវ មួក និងកន្សែងជាអំណោយរបស់ឯកឧត្តម ប៉ា សុជាតិវង្សនិងលោកជំទាវ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា តាមរយៈលោក ហាក់ ម៉ុងហួតអភិបាល នៃគណៈអភិបាលស្រុកជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក៕
ដោយ៖ ស៊ុម វណ្ណា





