AKP បាត់ដំបង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ដែលពិធីនេះប្រារព្ធឡើងនៅអាកាសយានដ្ឋានខេត្តបាត់ដំបង។

វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នាព្រឹកនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានក្តីកង្វល់ចំពោះបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់នាពេលថ្មីៗនេះ ព្រមទាំងបាននាំមកនូវការលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់រដ្ឋបាលខេត្តបាត់ដំបងផងដែរ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងមុតមាំថា «ពេលណាប្រជាពលរដ្ឋជួបការលំបាក គឺមានវត្តមានរាជរដ្ឋាភិបាលជានិច្ច»។ សម្តេចបានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋយើងក្នុងពេលជួបការលំបាក ដោយអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាល ព្រោះគ្រប់កាលៈទេសៈទាំងអស់ មិនថារដ្ឋបាលថ្នាក់មូលដ្ឋាន ក្រសួងស្ថាប័ន ឬកងកម្លាំងប្រដាប់អាវុធ គឺតែងតែនៅអម និងជួយយកអាសាប្រជាពលរដ្ឋជាប់ជានិច្ច។

សម្តេចធិបតីក៏បានលើកឡើងដែរថា ទោះបីជាប្រទេសជាតិធ្លាប់បានឆ្លងកាត់នូវកាលៈទេសៈដ៏លំបាកបំផុត ដូចជាសង្គ្រាមស៊ីវិល និងបញ្ហាសេដ្ឋកិច្ចផ្សេងៗក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះក្តី ក៏រាជរដ្ឋាភិបាលតែងតែខិតខំប្រឹងប្រែងដោះស្រាយ និងកសាងប្រទេសជាតិឱ្យរីកចម្រើនជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ សម្តេចបានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់គ្រប់បណ្តាអ្នកពាក់ព័ន្ធ អាជ្ញាធរខេត្ត ក្រុង ឃុំ សង្កាត់ ភូមិ កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងគ្រប់គ្រងស្បៀងអាហារក្នុងកំឡុងពេលដ៏លំបាកនេះ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជំនន់ទឹកភ្លៀងកន្លងមកនេះបានបង្កផលប៉ះពាល់ដល់ ដំណាំស្រូវសរុប ១២៣.០៧២ ហិកតា (ក្នុងនោះស្រូវទុំ ១៥.៦៣៨ ហិកតា និងខូចខាតដំណាំស្រូវ ៧៤.៣៨៨ ហិកតា)។ដំណាំសាកវប្បកម្ម និងឧស្សាហកម្ម ផលប៉ះពាល់សរុប ១៦.៣៧៤ ហិកតា (ខូចខាត ៨.៦៨០ ហិកតា)។ គ្រួសាររងផលប៉ះពាល់សរុប ៥៨.១០៣ គ្រួសារ (ក្នុងនោះគ្រួសាររងការខូចខាតធ្ងន់ធ្ងរមានចំនួន ៣៥.៧០៤ គ្រួសារ)៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





