AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ -- លោក អេមីលៀណូ ហ្គាសៀ ផេក (Emiliano Garcia-Page) ប្រធានតំបន់ Castilla-La Mancha របស់ប្រទេសអេស្ប៉ាញ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍រថភ្លើងបុកគ្នាកាលពីថ្ងៃពុធ ក្នុងខេត្តតូឡេដូ ភាគខាងត្បូងទីក្រុងម៉ាឌ្រីដ បានកើនឡើងដល់ ៦៩នាក់ហើយ ខណៈដែលមនុស្សជាង ១២នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក ហ្គាសៀ ផេក បានឱ្យដឹងថា មានការរកឃើញសាកសពមួយបន្ថែមទៀតនៅកន្លែងកើតហេតុ ដោយលោកបានបន្ថែមថា មានអ្នករងរបួសចំនួន ៥០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់ Castilla-La Mancha ខណៈដែលមនុស្ស ៦០នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ។ លោកបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលកំពុងសម្រាកព្យាបាល មាន ១៥នាក់ស្ថិតក្នុងស្ថានភាព «អាសន្នធ្ងន់ធ្ងរ» ប៉ុន្តែក្នុងនោះមាន ៤នាក់បានបង្ហាញសញ្ញាវិជ្ជមាននៃការធូរស្រាល។
ទោះបីជាអាជ្ញាធរជឿជាក់ថា នឹងមិនមានការរកឃើញសាកសពបន្ថែមទៀតក៏ដោយ ក៏លោកបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ខណៈដែលក្រុមការងារកំពុងបន្តស្វែងរកនៅក្នុងគំនរដែកនៃទូរថភ្លើងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមួយនៅមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់លេខ ១១២ ក្នុងខេត្តតូឡេដូថា «រដ្ឋទាំងមូលកំពុងចល័តកម្លាំងយ៉ាងពេញទំហឹង» លើការងារសំខាន់ៗចំនួន ៣ គឺ៖ ការឆ្លើយតបនឹងគ្រោះអាសន្ន រួមទាំងការជួយសង្គ្រោះ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស្វែងរកមូលហេតុនៃគ្រោះថ្នាក់ និងការធានាថា រដ្ឋាភិបាលកណ្តាលនឹងផ្តល់សំណងដល់ក្រុមគ្រួសារជនរងគ្រោះ «យ៉ាងហោចណាស់ក៏ជាសំណងផ្នែកសម្ភារៈដែរ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





